9. បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
10. អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺប្រព្រឹត្ដដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។
11. អ្នករាល់គ្នាក៏ដឹងដែរថា យើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួន
12. គឺយើងបានទូន្មាន លើកទឹកចិត្ដ ហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងនគរ និងសិរីរុងរឿងរបស់ព្រះអង្គ។
13. យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួលទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ។
14. បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខពីជនរួមជាតិរបស់ខ្លួនដូចដែលក្រុមជំនុំទាំងនោះបានទទួលពីជនជាតិយូដាដែរ
15. ពួកគេបានសម្លាប់ព្រះអម្ចាស់យេស៊ូ និងពួកអ្នកនាំព្រះបន្ទូល ព្រមទាំងបៀតបៀនយើងទៀតផង។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ ហើយទាស់នឹងមនុស្សទាំងអស់
16. ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពួកគេ។
17. រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នាមួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង