1. ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដ។
2. យើងតែងតែអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច។
3. នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
4. ឱ បងប្អូនដែលព្រះជាម្ចាស់ស្រឡាញ់អើយ! យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា
5. ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។
6. អ្នករាល់គ្នាបានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ គឺអ្នករាល់គ្នាទទួលព្រះបន្ទូលដោយអំណរមកពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពេលដែលមានសេចក្ដីវេទនាជាខ្លាំងផង
7. ដូច្នេះ អ្នករាល់គ្នាបានត្រលប់ជាគំរូដល់អ្នកជឿទាំងឡាយនៅស្រុកម៉ាសេដូន និងស្រុកអាខៃ
8. ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលចេញពីអ្នករាល់គ្នានោះ មិនមែនត្រឹមតែបានឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់បានលេចឮនៅគ្រប់ទីកន្លែង ដូច្នេះហើយបានជាយើងមិនបាច់និយាយអ្វីទៀតឡើយ
9. ដ្បិតពួកគេផ្ទាល់បានរៀបរាប់ពីរបៀបដែលអ្នករាល់គ្នាទទួលយើង និងអំពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះមកឯព្រះជាម្ចាស់ ដើម្បីបម្រើព្រះអង្គដែលជាព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិត