1. ទេវតាទីប្រាំក៏ផ្លុំត្រែឡើង នោះខ្ញុំឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ហើយផ្កាយនោះបានទទួលកូនសោរណ្ដៅនៃទីជម្រៅ។
2. ផ្កាយនោះក៏បើករណ្ដៅនៃទីជម្រៅ ហើយមានផ្សែងហុយចេញពីរណ្ដៅនោះមកដូចជាផ្សែងចេញពីឡភ្លើងមួយយ៉ាងធំ នោះដួងអាទិត្យ និងអាកាសក៏ងងឹតសូន្យសុងដោយសារផ្សែងចេញពីរណ្ដៅនោះ។
3. មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី ហើយពួកវាបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅលើផែនដីដែរ។
4. កណ្ដូបទាំងនោះបានទទួលបង្គាប់មិនឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិពណ៌បៃតង ឬដើមឈើណាមួយឡើយ ប៉ុន្ដែឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសប៉ុណ្ណោះ។
5. កណ្ដូបទាំងនោះមិនបានទទួលអំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើឲ្យពួកគេឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយការឈឺចុកចាប់ដែលពួកវាបង្កឡើងនោះ ដូចជាការឈឺចុកចាប់ដែលខ្យាដំរីបង្កឡើងនៅពេលដែលវាទិចមនុស្សដែរ។
6. នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្ដែរកមិនបានឡើយ ពួកគេនឹងចង់ស្លាប់ណាស់ ប៉ុន្ដែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។
7. កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស
8. ពួកវាមានសក់ដូចជាសក់របស់ស្រ្ដី ឯធ្មេញពួកវាដូចជាធ្មេញរបស់សត្វតោ
9. ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។
10. ពួកវាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។
11. ពួកវាមានទេវតានៃទីជម្រៅជាស្ដេចលើពួកវាដែលមានឈ្មោះជាភាសាហេព្រើរថា អាបាដូន និងមានឈ្មោះជាភាសាក្រេកថា អាប៉ូលីយ៉ូន។
12. សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។
13. បន្ទាប់មក ទេវតាទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់កន្លែងថ្វាយតង្វាយធ្វើពីមាសដែលនៅពីមុខព្រះជាម្ចាស់
14. និយាយទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែនោះថា៖ «ចូរស្រាយទេវតាទាំងបួនដែលបានចងទុកនៅឯទន្លេអើប្រាតដ៏ធំនោះទៅ»។