Khmer Christian Bible

វិវរណៈ 6:6-15 Khmer Christian Bible (KCB)

6. ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំដៅ​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ថា៖​ «ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ ប៉ុន្ដែ​កុំ​ធ្វើ​ឲ្យ​ប្រេង​ និង​ស្រា​ទំពាំងបាយជូ​ខូច​ឡើយ!»។​

7. ពេល​កូនចៀម​បក​ត្រា​ទីបួន​ នោះ​ខ្ញុំ​បាន‍​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖​ «ចូរ​មក!»​

8. ខ្ញុំ​ក៏​ឃើញ​សេះ​មួយ​សម្បុរ​ស្លេកស្លាំង​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​ឈ្មោះ​សេចក្ដី​ស្លាប់​ ហើយ​ស្ថាននរក​បាន​មក​តាម​ក្រោយ​អ្នក​នោះ។​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​បាន​ទទួល​សិទ្ធិ​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន​ដើម្បី​សម្លាប់​ដោយ​ដាវ​ ដោយ​គ្រោះ​អត់ឃ្លាន​ ដោយ​ជំងឺ​អាសន្នរោគ​ និង​ដោយ​សត្វ​សាហាវ​នៅ​លើ​ផែនដី។​

9. ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោម​កន្លែង​ថ្វាយ​តង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​ដែល​ពួកគេ​បាន​ប្រកាន់​យក​

10. អ្នក​ទាំង​នោះ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​ និង​យុត្ដិធម៌​អើយ!​ តើ​ពេល​ណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ហើយ​សងសឹក​ឲ្យ​ឈាម​របស់​យើង?»​

11. ពួកគេ​ម្នាក់ៗ​បាន​ទទួល​អាវ​ស​វែង​ និង​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្រាក​បន្ដិច​ទៀត​ ទម្រាំ​ពួក​បាវបម្រើ​ជា​គូកន​ និង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​ បាន​គ្រប់​ចំនួន​សិន។​

12. ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ ខ្ញុំ​ក៏​ឃើញ​ថា​ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ដួង​អាទិត្យ​ត្រលប់​ជា​ងងឹត​ដូច​ជា​ក្រណាត់​ធ្វើ​ពី​រោម​ពណ៌​ខ្មៅ​ ហើយ​លោកខែ​ទាំង​មូល​ក៏​ត្រលប់​ដូច​ជា​ឈាម​

13. រីឯ​ផ្កាយ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ផែនដី​ ដូច​ជា​ផ្លែ​ល្វា​ខ្ចីៗ​ជ្រុះ​ពី​ដើម​ដោយ​ត្រូវ​ខ្យល់​ធំ​បក់​ប៉ះ​

14. ហើយ​ផ្ទៃ​មេឃ​បាន​បាត់​ទៅ​ដូច​ជា​គេ​មូរ​អត្ថបទ​គម្ពីរ​ទុក​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​កោះ​ក៏​ត្រូវ​បាន​រើចេញ​ពី​កន្លែង​របស់​វា​ដែរ។​

15. នោះ​ពួក​ស្ដេច​នៅ​ផែនដី​ ពួកអ្នក​ធំ​ ពួក​មេទ័ព​ ពួក​អ្នកមាន​ ពួកអ្នក​ខ្លាំង​ពូកែ​ និង​ពួក​បាវបម្រើ​ ព្រមទាំង​ពួកអ្នក​ជា​ទាំងឡាយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ​ និង​នៅ​តាម​ក្រហែង​ថ្ម​ភ្នំ​