15. ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។
16. ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។
17. ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានមួយរយសែសិបបួនហត្ថ តាមរង្វាស់របស់មនុស្សដែលទេវតាប្រើ។
18. កំផែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវសុទ្ធ។
19. គ្រឹះរបស់កំផែងក្រុងនោះតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់ប្រភេទ គ្រឹះទីមួយគឺជាត្បូងមណីជោតិរស ទីពីរគឺជាត្បូងកណ្ដៀង ទីបីគឺជាត្បូងមោរ៉ា ទីបួនគឺជាត្បូងមរកត
20. ទីប្រាំគឺជាត្បូងសាមស៊ី ទីប្រាំមួយគឺជាត្បូងពិទាយ ទីប្រាំពីរគឺជាត្បូងប៊ុតលឿង ទីប្រាំបីគឺជាត្បូងបេរីល ទីប្រាំបួនគឺជាត្បូងទោប៉ាត់ ទីដប់គឺជាត្បូងយក់ ទីដប់មួយគឺជាត្បូងនិល ទីដប់ពីរគឺជាត្បូងត្របែក។
21. ទ្វារទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវរបស់ក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវ។
22. ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀម គឺជាព្រះវិហាររបស់ក្រុងនោះ។
23. ក្រុងនោះមិនត្រូវការដួងអាទិត្យ ឬលោកខែដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បានបំភ្លឺក្រុងនោះហើយ រីឯកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
24. ជនជាតិទាំងឡាយនឹងដើរនៅក្នុងពន្លឺរបស់ក្រុងនោះ ហើយពួកស្ដេចនៅលើផែនដីក៏នាំយកសិរីរុងរឿងរបស់ខ្លួនមកក្នុងក្រុងនោះដែរ
25. ហើយទ្វារក្រុងនោះមិនដែលបិទឡើយនៅពេលថ្ងៃ ដ្បិតនៅទីនោះគ្មានយប់ទេ
26. ពួកគេនឹងនាំយកសិរីរុងរឿង និងកិត្ដិយសរបស់ជនជាតិទាំងឡាយមកក្នុងក្រុងនោះ
27. ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។