18. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
19. យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត
20. ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង
21. យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដ ប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
22. មើល៍ យើងនឹងបោះនាងទៅលើគ្រែ ហើយបោះពួកអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែពួកគេប្រែចិត្តពីការប្រព្រឹត្ដិរបស់នាង។
23. យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន
24. ប៉ុន្ដែអ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ាដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺដែលមិនបានស្គាល់សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ
25. ប៉ុន្ដែចូរកាន់ខ្ជាប់សេចក្ដីដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។
26. អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ
27. អ្នកនោះនឹងគ្រប់គ្រងពួកគេដោយដំបងដែក និងកម្ទេចពួកគេដូចជាភាជនៈធ្វើពីដីឥដ្ឋ
28. គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរ ហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។
29. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។