19. ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
20. ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
21. ពេលនោះ មានទេវតាដ៏ខ្លាំងពូកែមួយរូបបានលើកថ្មមួយដុំដូចជាថ្មត្បាល់កិនមួយយ៉ាងធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងនិយាយថា៖ «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ នឹងត្រូវបានទម្លាក់យ៉ាងខ្លាំងដូច្នេះដែរ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
22. សំឡេងរបស់ពួកអ្នកលេងពិណ ពួកអ្នកលេងភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែ លែងមានឮនៅក្នុងអ្នកទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀតដែរ រីឯសូរត្បាល់កិន នោះក៏លែងមានឮនៅក្នុងអ្នកទៀត។
23. ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀត ហើយសំឡេងកូនកំលោះ និងកូនក្រមុំនឹងលែងមានឮនៅក្នុងអ្នកទៀតដែរ ដ្បិតពួកឈ្មួញរបស់អ្នក គឺជាអ្នកធំនៅលើផែនដី ហើយជនជាតិទាំងអស់បានវង្វេងដោយសារមន្ដអាគមរបស់អ្នក
24. ហើយនៅក្នុងអ្នកក៏ឃើញមានឈាមរបស់ពួកអ្នកនាំព្រះបន្ទូល ឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវបានគេសម្លាប់នៅលើផែនដី»។