1. បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាក់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចេញពីពានទាំងប្រាំពីរនោះទៅលើផែនដីទៅ»។
2. ដូច្នេះ ទេវតាទីមួយក៏ចេញទៅ ហើយយកពានរបស់ខ្លួនចាក់ទៅលើផែនដី នោះក៏មានដំបៅយ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ កើតលើមនុស្សដែលមានសញ្ញាសំគាល់របស់សត្វសាហាវនោះ និងពួកអ្នកដែលថ្វាយបង្គំរូបចម្លាក់របស់វា។
3. ទេវតាទីពីរយកពានរបស់ខ្លួនចាក់ទៅក្នុងសមុទ្រ នោះសមុទ្រក៏ត្រលប់ជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗទាំងអស់ដែលមានជីវិតនៅក្នុងសមុទ្រក៏ស្លាប់អស់។
4. បន្ទាប់មក ទេវតាទីបីយកពីពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងប្រភពទឹកទាំងឡាយ នោះទីទាំងនោះក៏ត្រលប់ជាឈាមដែរ។
5. ខ្ញុំបានឮទេវតានៃទឹកនិយាយថា៖ «ឱព្រះអង្គដ៏បរិសុទ្ធ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! ព្រះអង្គជាព្រះដ៏សុចរិត ព្រោះព្រះអង្គបានសម្រេចធ្វើការទាំងនេះហើយ
6. ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ»។
7. នោះខ្ញុំឮកន្លែងថ្វាយតង្វាយនិយាយថា៖ «មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
8. ទេវតាទីបួនយកពានរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ហើយដួងអាទិត្យក៏បានទទួលអំណាចនឹងធ្វើឲ្យមនុស្សខ្លោចដោយសារភ្លើង។
9. មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។
10. ទេវតាទីប្រាំយកពានរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វសាហាវនោះ នោះនគររបស់វាក៏ត្រលប់ជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្ដាតរបស់ខ្លួនដោយព្រោះតែការឈឺចាប់
11. ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។
12. ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។