11. នោះផ្សែងនៃទារុណកម្មរបស់ពួកគេក៏ហុយឡើងអស់កល្បជានិច្ច ពួកគេគ្មានសេចក្ដីស្រាកស្រាន្ដឡើយ ទាំងថ្ងៃ ទាំងយប់ គឺពួកអ្នកដែលថ្វាយបង្គំសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងអ្នកណាដែលទទួលសញ្ញាសំគាល់នៃឈ្មោះរបស់វាផង។»
12. នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។
13. ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយអស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
14. ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។
15. មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្ដៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ។»
16. ដូច្នេះអ្នកដែលអង្គុយនៅលើពពកក៏បោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។
17. មានទេវតាមួយរូបទៀតចេញពីព្រះវិហារដែលនៅស្ថានសួគ៌ ទេវតានោះក៏មានកណ្ដៀវមួយដ៏មុតដែរ
18. បន្ទាប់មក ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើង ក៏ចេញពីកន្លែងថ្វាយតង្វាយមក ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងទៅទេវតាដែលមានកណ្ដៀវដ៏មុតនោះថា៖ «ចូរប្រើកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះ ដ្បិតផ្លែវាទុំហើយ។»
19. ដូច្នេះទេវតានោះក៏បោះកណ្ដៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។