3. ហើយក្បាលមួយរបស់សត្វនោះ ហាក់ដូចជាត្រូវរបួសជិតស្លាប់ ប៉ុន្ដែរបួសជិតស្លាប់របស់វានោះក៏បានជាសះឡើងវិញ ដូច្នេះផែនដីទាំងមូលក៏ស្ញប់ស្ញែង ហើយដើរតាមវា។
4. ពួកគេថ្វាយបង្គំនាគ ព្រោះវាបានប្រគល់សិទ្ធិអំណាចរបស់វាដល់សត្វសាហាវនោះ ហើយពួកគេក៏ថ្វាយបង្គំសត្វសាហាវនោះដែរ ទាំងនិយាយថា៖ «តើមាននរណាដូចសត្វនេះ តើមាននរណាអាចច្បាំងនឹងសត្វនេះបាន?»
5. សត្វសាហាវនោះបានទទួលមាត់និយាយពាក្យអួតអាង និងពាក្យប្រមាថព្រះជាម្ចាស់ ហើយវាក៏បានទទួលសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ។
6. វាបានហាមាត់របស់វាប្រមាថព្រះជាម្ចាស់ ប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ ព្រមទាំងពួកអ្នកដែលរស់នៅក្នុងស្ថានសួគ៌។
7. វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស
8. រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
9. អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ។
10. អ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះនឹងជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់ដោយដាវ អ្នកនោះនឹងស្លាប់ដោយដាវ។ នេះហើយគឺជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។