2. ខ្ញុំសូមដាស់តឿនដល់នាងអេរ៉ូឌី និងនាងស៊ុនទីចឲ្យមានគំនិតតែមួយក្នុងព្រះអម្ចាស់
3. អ្នករួមការងារដ៏ពិតប្រាកដរបស់ខ្ញុំអើយ! ខ្ញុំក៏សុំអ្នករាល់គ្នាដែរថា ចូរជួយស្រ្ដីទាំងពីរនាក់នោះផង ដ្បិតពួកនាងបានតស៊ូជាមួយខ្ញុំនៅក្នុងដំណឹងល្អ ព្រមទាំងជាមួយលោកក្លេម៉ង់ និងពួកអ្នករួមការងាររបស់ខ្ញុំផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតដែរ។
4. ចូរអរសប្បាយនៅក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!
5. ចូរឲ្យមនុស្សទាំងអស់ស្គាល់ចិត្ដស្លូតបូតរបស់អ្នករាល់គ្នាចុះ។ ព្រះអម្ចាស់នៅជិតបង្កើយ។
6. ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង
7. នោះសេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់ដែលវិសេសលើសអស់ទាំងគំនិតរបស់មនុស្សនឹងការពារចិត្ដគំនិតរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូ។
8. នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
9. ហើយសេចក្ដីទាំងឡាយដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញនៅក្នុងខ្ញុំ ចូរអ្នករាល់គ្នាធ្វើតាមចុះ នោះព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយអ្នករាល់គ្នា។
10. ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស
11. ខ្ញុំនិយាយបែបនេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំចេះស្កប់ចិត្តនៅគ្រប់កាលៈទេសៈទាំងអស់
12. ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយភាពហូរហៀរជាយ៉ាងណា គឺខ្ញុំចេះរស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលឆ្អែត ពេលឃ្លាន ពេលហូរហៀរ ឬពេលខ្វះខាតទេ។
13. ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ
14. លើសពីនេះ អ្នករាល់គ្នាបានរួមចំណែកជាមួយខ្ញុំយ៉ាងប្រសើរ នៅពេលខ្ញុំមានសេចក្ដីវេទនា។