3. ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ
4. ទោះបីខ្ញុំមានការទុកចិត្ដលើសាច់ឈាមក៏ដោយ។ បើមានអ្នកណាម្នាក់ផ្សេងទៀតគិតថា ខ្លួនមានការទុកចិត្ដលើសាច់ឈាម នោះខ្ញុំមានលើសគេទៅទៀត
5. ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី
6. រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំ ខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។
7. ប៉ុន្ដែដោយសារព្រះគ្រិស្ដ អ្វីៗដែលធ្លាប់តែជាការចំណេញដល់ខ្ញុំនោះ ខ្ញុំបានរាប់ជាការខាតបង់វិញ
8. ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ
9. និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ
10. ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត
11. ដើម្បីឲ្យខ្ញុំបានរស់ពីស្លាប់ឡើងវិញ។
12. មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្ដែខ្ញុំព្យាយាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំសម្រាប់សេចក្ដីនោះ។
13. បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ
14. ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
15. ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះ ត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ
16. ទោះបីយើងបានទៅដល់ត្រឹមណាក៏ដោយ ក៏យើងត្រូវបន្ដទៅរកគោលដៅដដែល។
17. បងប្អូនអើយ! ចូរយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលពួកអ្នករស់នៅតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង
18. ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ
19. ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ