1. នៅទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរនៅក្នុងព្រះអម្ចាស់ចុះ។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះផ្ញើមកអ្នករាល់គ្នាទេ ដ្បិតការសរសេរនេះ គឺដើម្បីការពារអ្នករាល់គ្នា។
2. ចូរប្រយ័ត្ននឹងពួកឆ្កែ ពួកអ្នកធ្វើអាក្រក់ និងពួកអ្នកកាត់ស្បែកតែខាងក្រៅ
3. ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ
4. ទោះបីខ្ញុំមានការទុកចិត្ដលើសាច់ឈាមក៏ដោយ។ បើមានអ្នកណាម្នាក់ផ្សេងទៀតគិតថា ខ្លួនមានការទុកចិត្ដលើសាច់ឈាម នោះខ្ញុំមានលើសគេទៅទៀត
5. ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី
6. រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំ ខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។
7. ប៉ុន្ដែដោយសារព្រះគ្រិស្ដ អ្វីៗដែលធ្លាប់តែជាការចំណេញដល់ខ្ញុំនោះ ខ្ញុំបានរាប់ជាការខាតបង់វិញ
8. ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ
9. និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ
10. ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត
11. ដើម្បីឲ្យខ្ញុំបានរស់ពីស្លាប់ឡើងវិញ។
12. មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្ដែខ្ញុំព្យាយាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំសម្រាប់សេចក្ដីនោះ។
13. បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ
14. ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
15. ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះ ត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ