5. ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ
6. ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជាសេចក្ដីដែលត្រូវកាន់ខ្ជាប់ឡើយ
7. គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។
8. ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។
9. ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើង ព្រមទាំងប្រទានឲ្យព្រះអង្គមាននាមលើអស់ទាំងនាមផង
10. ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូ
11. ហើយអណ្ដាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
12. ដូច្នេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរសម្រេចឲ្យបាននូវសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងញាប់ញ័រចុះ គឺដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់ជាដរាបមកហើយ មិនមែនគ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេ ប៉ុន្ដែឥឡូវនេះ នៅពេលខ្ញុំមិននៅ ចូរស្ដាប់បង្គាប់ឲ្យកាន់តែខ្លាំងឡើងថែមទៀតចុះ
13. ដ្បិតជាព្រះជាម្ចាស់ទេតើ ដែលធ្វើការនៅក្នុងអ្នករាល់គ្នា ទាំងឲ្យអ្នករាល់គ្នាមានឆន្ទៈ ហើយប្រព្រឹត្តតាម ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យ។
14. ចូរធ្វើអ្វីៗទាំងអស់ដោយមិនរអ៊ូរទាំ និងប្រកែកឡើយ
15. ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោមពួកគេ ដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ
16. ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
17. ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ
18. ចូរអ្នករាល់គ្នាមានអំណរដូចគ្នា ហើយត្រេកអរជាមួយខ្ញុំដែរចុះ។
19. ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្ដនៅពេលដឹងអំពីអ្នករាល់គ្នា
20. ដ្បិតខ្ញុំគ្មានអ្នកណាដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ
21. ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ
22. រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។
23. ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងចាត់គាត់ឲ្យមកភ្លាម នៅពេលណាខ្ញុំឃើញថារឿងរបស់ខ្ញុំបានជ្រះស្រឡះហើយ
24. រីឯខ្ញុំវិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្ញុំនឹងមកក្នុងពេលឆាប់ៗនេះដែរ។