19. ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្ដនៅពេលដឹងអំពីអ្នករាល់គ្នា
20. ដ្បិតខ្ញុំគ្មានអ្នកណាដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ
21. ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ
22. រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។
23. ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងចាត់គាត់ឲ្យមកភ្លាម នៅពេលណាខ្ញុំឃើញថារឿងរបស់ខ្ញុំបានជ្រះស្រឡះហើយ
24. រីឯខ្ញុំវិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្ញុំនឹងមកក្នុងពេលឆាប់ៗនេះដែរ។
25. ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ
26. ព្រោះគាត់មានបំណងចង់មកជួបអ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។
27. មែនហើយ គាត់ឈឺធ្ងន់ស្ទើរតែស្លាប់មែន ប៉ុន្ដែព្រះជាម្ចាស់បានមេត្ដាដល់គាត់ ហើយមិនមែនតែគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏មេត្ដាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតលើទុក្ខ។
28. ហេតុនេះហើយបានជាខ្ញុំរូតរះចាត់គាត់ឲ្យមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរនៅពេលជួបគាត់ម្ដងទៀត ហើយខ្ញុំក៏បានធូរស្បើយពីទុក្ខព្រួយដែរ។
29. ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ
30. ព្រោះដោយសារកិច្ចការរបស់ព្រះគ្រិស្ដ គាត់ស្ទើរតែស្លាប់ទៅហើយ គាត់បានប្រថុយជីវិតដើម្បីបំពេញភាពខ្វះខាតក្នុងកិច្ចការរបស់អ្នករាល់គ្នាសម្រាប់ខ្ញុំ។