14. ចូរធ្វើអ្វីៗទាំងអស់ដោយមិនរអ៊ូរទាំ និងប្រកែកឡើយ
15. ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោមពួកគេ ដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ
16. ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
17. ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ
18. ចូរអ្នករាល់គ្នាមានអំណរដូចគ្នា ហើយត្រេកអរជាមួយខ្ញុំដែរចុះ។
19. ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្ដនៅពេលដឹងអំពីអ្នករាល់គ្នា
20. ដ្បិតខ្ញុំគ្មានអ្នកណាដែលមានចិត្ដដូចគាត់ទេ ជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាអស់ពីចិត្ដ
21. ព្រោះមនុស្សទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេមិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូគ្រិស្ដទេ
22. រីឯអ្នករាល់គ្នាវិញ ក៏ដឹងអំពីអត្តចរិតរបស់គាត់ស្រាប់ហើយ គឺគាត់បានបម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក និងកូន។
23. ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងចាត់គាត់ឲ្យមកភ្លាម នៅពេលណាខ្ញុំឃើញថារឿងរបស់ខ្ញុំបានជ្រះស្រឡះហើយ
24. រីឯខ្ញុំវិញ ខ្ញុំជឿជាក់នៅក្នុងព្រះអម្ចាស់ថា ខ្ញុំនឹងមកក្នុងពេលឆាប់ៗនេះដែរ។
25. ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ