6. ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា ព្រះអង្គនឹងសម្រេចការនោះរហូតដល់ថ្ងៃរបស់ព្រះគ្រិស្ដយេស៊ូ។
7. ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
8. ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
9. ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
10. នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
11. ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
12. បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង
13. ដូច្នេះហើយបានជាក្នុងបន្ទាយទ័ពទាំងមូល និងអ្នកទាំងអស់ផ្សេងទៀតបានដឹងច្បាស់អំពីការជាប់ចំណងរបស់ខ្ញុំដោយសារព្រះគ្រិស្ដ
14. ហើយដោយសារការជាប់ចំណងរបស់ខ្ញុំនេះ បងប្អូនភាគច្រើនបានជឿជាក់លើព្រះអម្ចាស់ ហើយកាន់តែហ៊ានប្រកាសព្រះបន្ទូលដោយឥតភ័យខ្លាចឡើយ។
15. មានមនុស្សមួយចំនួនប្រកាសអំពីព្រះគ្រិស្ដ ដោយព្រោះសេចក្ដីឈ្នានីស និងការឈ្លោះប្រកែកមែន ប៉ុន្ដែមានមនុស្សមួយចំនួនទៀតពិតជាប្រកាសដោយព្រោះបំណងល្អ
16. គឺពួកគេប្រកាសដោយសេចក្ដីស្រឡាញ់ ទាំងដឹងថា ខ្ញុំត្រូវបានកំណត់សម្រាប់ឆ្លើយការពារដំណឹងល្អ
17. រីឯពួកអ្នកដែលប្រកាសដោយព្រោះសេចក្ដីឈ្នានីស ពួកគេប្រកាសអំពីព្រះគ្រិស្ដដោយការប្រជែង មិនមែនដោយស្មោះត្រង់ទេ គឺដោយគិតថា នឹងធ្វើឲ្យការជាប់ចំណងរបស់ខ្ញុំកាន់តែវេទនា
18. តើយ៉ាងដូចម្ដេចដែរ? គឺមិនថាដោយរបៀបណាទេ ទោះបីដោយធ្វើពុត ឬដោយពិតប្រាកដក្ដី ឲ្យតែគេបានប្រកាសអំពីព្រះគ្រិស្ដ នោះខ្ញុំត្រេកអរចំពោះការនេះហើយ រួចខ្ញុំនឹងត្រេកអរតទៅទៀត
19. ដ្បិតខ្ញុំដឹងថា ការនេះនឹងត្រលប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយសារការទូលអង្វររបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដ។
20. ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសារ និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំងស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី
21. ដ្បិតសម្រាប់ខ្ញុំ រស់គឺសម្រាប់ព្រះគ្រិស្ដ ហើយស្លាប់ គឺចំណេញ
22. ប៉ុន្ដែបើការរស់នៅខាងរូបកាយនេះ ជាកិច្ចការដែលមានផលផ្លែសម្រាប់ខ្ញុំ នោះខ្ញុំមិនដឹងថានឹងជ្រើសរើសយកមួយណាទេ
23. ពេលនេះខ្ញុំរារែកដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺចង់ទៅនៅជាមួយព្រះគ្រិស្ដ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
24. ប៉ុន្ដែម្យ៉ាងទៀត ខ្ញុំនៅក្នុងរូបកាយនេះតទៅទៀត នោះចាំបាច់ជាងសម្រាប់អ្នករាល់គ្នា