1. ខ្ញុំប៉ូល និងធីម៉ូថេជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ជូនចំពោះពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកអ្នកមើលខុសត្រូវ និងពួកអ្នកជំនួយនៅក្រុងភីលីព
2. សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3. ខ្ញុំអរព្រះគុណព្រះរបស់ខ្ញុំ រាល់ពេលដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា
4. ហើយនៅក្នុងគ្រប់ទាំងការទូលអង្វររបស់ខ្ញុំ ខ្ញុំតែងតែទូលអង្វរដោយអំណរ សម្រាប់អ្នកទាំងអស់គ្នាជានិច្ច
5. ដោយសារការដែលអ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។
6. ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា ព្រះអង្គនឹងសម្រេចការនោះរហូតដល់ថ្ងៃរបស់ព្រះគ្រិស្ដយេស៊ូ។
7. ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
8. ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។