1. ខ្ញុំប៉ូល និងធីម៉ូថេជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ជូនចំពោះពួកបរិសុទ្ធទាំងអស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកអ្នកមើលខុសត្រូវ និងពួកអ្នកជំនួយនៅក្រុងភីលីព
2. សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3. ខ្ញុំអរព្រះគុណព្រះរបស់ខ្ញុំ រាល់ពេលដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា
4. ហើយនៅក្នុងគ្រប់ទាំងការទូលអង្វររបស់ខ្ញុំ ខ្ញុំតែងតែទូលអង្វរដោយអំណរ សម្រាប់អ្នកទាំងអស់គ្នាជានិច្ច
5. ដោយសារការដែលអ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។
6. ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា ព្រះអង្គនឹងសម្រេចការនោះរហូតដល់ថ្ងៃរបស់ព្រះគ្រិស្ដយេស៊ូ។
7. ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
8. ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
9. ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
10. នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
11. ទាំងបានពេញដោយផលផ្លែនៃសេចក្ដីសុចរិតតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់ការសរសើរតម្កើង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
12. បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង
13. ដូច្នេះហើយបានជាក្នុងបន្ទាយទ័ពទាំងមូល និងអ្នកទាំងអស់ផ្សេងទៀតបានដឹងច្បាស់អំពីការជាប់ចំណងរបស់ខ្ញុំដោយសារព្រះគ្រិស្ដ
14. ហើយដោយសារការជាប់ចំណងរបស់ខ្ញុំនេះ បងប្អូនភាគច្រើនបានជឿជាក់លើព្រះអម្ចាស់ ហើយកាន់តែហ៊ានប្រកាសព្រះបន្ទូលដោយឥតភ័យខ្លាចឡើយ។