11. នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។
12. ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ
13. ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ
14. លើសពីសេចក្ដីទាំងអស់នេះ ចូរពាក់សេចក្ដីស្រឡាញ់ដែលនាំឲ្យមានការរួបរួមគ្នាយ៉ាងគ្រប់លក្ខណ៍ចុះ។
15. ចូរឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។
16. ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ហើយបង្រៀន និងទូន្មានគ្នាដោយប្រាជ្ញាគ្រប់បែបយ៉ាង ទាំងច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ ព្រមទាំងចម្រៀងខាងវិញ្ញាណថ្វាយព្រះជាម្ចាស់ ដោយអរព្រះគុណព្រះអង្គនៅក្នុងចិត្ដចុះ។
17. ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាពាក្យសំដី ឬការប្រព្រឹត្ដិក្ដី ចូរធ្វើការទាំងអស់នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូចុះ ទាំងអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតាតាមរយៈព្រះអង្គ។
18. ប្រពន្ធរាល់គ្នាអើយ! ចូរចុះចូលនឹងប្ដីរបស់ខ្លួនចុះ ដោយព្រោះជាការសមរម្យនៅក្នុងព្រះអម្ចាស់។
19. ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួនចុះ កុំមួម៉ៅដាក់នាងឡើយ។
20. ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុងការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
21. ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ក្រែងលោវាខូចចិត្ត។
22. បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមនៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះត្រង់ទាំងកោតខ្លាចព្រះអម្ចាស់