1. ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់ខាងស្ដាំនៃព្រះជាម្ចាស់នោះវិញ។
2. ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីៗដែលនៅផែនដីឲ្យសោះ។
3. ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ រីឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រិស្ដនៅក្នុងព្រះជាម្ចាស់ដែរ។
4. ពេលព្រះគ្រិស្ដដែលជាជីវិតរបស់អ្នករាល់គ្នាបង្ហាញខ្លួន នោះអ្នករាល់គ្នាក៏នឹងបង្ហាញខ្លួនជាមួយព្រះអង្គនៅក្នុងសិរីរុងរឿងដែរ។
5. ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ
6. ដ្បិតដោយព្រោះតែអំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូនដែលមិនស្ដាប់បង្គាប់
7. ហើយកាលពីមុន ពេលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះ ក៏បានប្រព្រឹត្ដអំពើទាំងនោះដែរ
8. ប៉ុន្ដែឥឡូវនេះ ចូរអ្នករាល់គ្នាលះបង់អំពើទាំងអស់នោះចោលទៅ គឺចិត្ដក្ដៅក្រហាយ កំហឹង សេចក្ដីអាក្រក់ ការជេរប្រមាថ និងពាក្យមិនសមរម្យចេញពីមាត់របស់អ្នករាល់គ្នា
9. កុំកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ជាមួយនឹងការប្រព្រឹត្ដិរបស់វាចោលហើយ
10. រួចអ្នករាល់គ្នាក៏បានពាក់មនុស្សថ្មីដែលកំពុងផ្លាស់ប្រែជាថ្មីខាងឯការយល់ដឹង ដើម្បីឲ្យត្រូវនឹងរូបអង្គរបស់ព្រះដែលបានបង្កើតមនុស្សថ្មីនោះ
11. នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។
12. ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ
13. ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ