3. ដ្បិតកំណប់នៃប្រាជ្ញា និងចំណេះដឹងទាំងឡាយបានលាក់ទុកនៅក្នុងព្រះអង្គ។
4. ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមបានឡើយ។
5. ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
6. ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ
7. ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
8. ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជាឈ្លើយដោយប្រើទស្សនវិជ្ជា និងពាក្យបញ្ឆោតឥតប្រយោជន៍ដែលស្របតាមទំនៀមទម្លាប់របស់មនុស្ស និងគោលការណ៍បឋមរបស់លោកិយនេះ ដែលមិនស្របតាមព្រះគ្រិស្ដ
9. ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ
10. ហើយអ្នករាល់គ្នាក៏បានពេញនៅក្នុងព្រះអង្គដែរ ដ្បិតព្រះអង្គជាព្រះសិរលើការគ្រប់គ្រង និងសិទ្ធិអំណាចទាំងអស់
11. ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។
12. អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ
13. នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាប និងការមិនកាត់ស្បែកខាងសាច់ឈាម ព្រះអង្គបានប្រោសអ្នករាល់គ្នាឲ្យមានជីវិតរួមជាមួយព្រះអង្គ ទាំងលើកលែងទោសបាបទាំងអស់របស់យើងផង
14. ហើយព្រះអង្គបានលុបចោលកំណត់ត្រាដែលទាស់នឹងយើង គឺបញ្ញត្ដិទាំងឡាយដែលប្រឆាំងយើង ហើយព្រះអង្គបានដកបញ្ញត្ដិទាំងនោះចេញ ដោយដំភ្ជាប់ទៅនឹងឈើឆ្កាង។
15. ព្រះអង្គបានបំផ្លាញអំណាចនៃការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដោយបំបាក់មុខពួកវានៅទីសាធារណៈ ហើយបានយកឈ្នះពួកវាដោយឈើឆ្កាង។
16. ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ
17. ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។
18. ចូរកុំឲ្យអ្នកណាដែលចូលចិត្ដធ្វើពុតបន្ទាបខ្លួន និងថ្វាយបង្គំទេវតាមកបញ្ឆោតអ្នករាល់គ្នាឲ្យបាត់រង្វាន់ឡើយ ពួកគេជាមនុស្សនិយាយស៊កសៀតអំពីអ្វីដែលពួកគេឃើញ ហើយអួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាមរបស់ពួកគេ