Khmer Christian Bible

កូឡូស 2:14-22 Khmer Christian Bible (KCB)

14. ហើយ​ព្រះអង្គ​បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​នឹង​យើង​ គឺ​បញ្ញត្ដិ​ទាំងឡាយ​ដែល​ប្រឆាំង​យើង​ ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំង​នោះ​ចេញ​ ដោយ​ដំ​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង។​

15. ព្រះអង្គ​បាន​បំផ្លាញ​អំណាច​នៃ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំងឡាយ​ដោយ​បំបាក់មុខ​ពួកវា​នៅ​ទី​សាធារណៈ​ ហើយ​បាន​យក​ឈ្នះ​ពួកវា​ដោយ​ឈើ​ឆ្កាង។​

16. ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​ថ្កោល​ទោស​អ្នក​រាល់គ្នា​អំពី​ការ​បរិភោគ​ ការ​ផឹក​ ឬ​អំពី​ពិធី​បុណ្យ​ បុណ្យ​ចូល​ខែ​ និង​ថ្ងៃ​សប្ប័ទ​ឡើយ​

17. ដ្បិត​ការ​ទាំង​នេះ​គ្រាន់តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ រីឯ​រូប​ពិត​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ។​

18. ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​

19. ពួកគេ​មិន​នៅ​ជាប់​នឹង​ព្រះគ្រិស្ដ​ដែល​ជា​ក្បាល​ទេ​ គឺ​ដោយសារ​ក្បាល​ហើយ​ ទើប​រូបកាយ​ទាំង​មូល​ត្រូវ​បាន​ផ្គត់ផ្គង់​ ហើយ​ភ្ជាប់​គ្នា​ដោយសារ​សន្លាក់​ និង​សរសៃ​ទាំងឡាយ​ ទាំង​ចម្រើន​ឡើង​តាម​សេចក្ដី​ចម្រើន​របស់​ព្រះជាម្ចាស់។​

20. បើ​អ្នក​រាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះ​ចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ ដូច​ជា​

21. កុំ​កាន់​ កុំ​ភ្លក់​ ឬ​កុំ​ពាល់​ដូច្នេះ?​

22. បញ្ញត្ដិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា​ និង​សេចក្ដី​បង្រៀន​របស់​មនុស្ស​ដែល​សាប​សូន្យ​ទៅ​តាម​ការ​ប្រើ​ប្រាស់។​