4. ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់
5. គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ
6. ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
7. ដូចដែលអ្នករាល់គ្នាបានរៀនពីលោកអេប៉ាប្រាស ជាបាវបម្រើរួមការងារដ៏ជាទីស្រឡាញ់របស់យើងស្រាប់ហើយ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់អ្នករាល់គ្នា
8. ហើយគាត់ក៏បានប្រាប់យើងឲ្យដឹងដែរអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នានៅក្នុងព្រះវិញ្ញាណ។
9. ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ
10. ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងឲ្យព្រះអង្គសព្វព្រះហឫទ័យនៅក្នុងការទាំងអស់ និងដើម្បីឲ្យអ្នករាល់គ្នាបង្កើតផលផ្លែនៅក្នុងគ្រប់ការល្អ ព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់
11. ហើយឲ្យមានកម្លាំងប្រកបដោយអំណាចគ្រប់បែបយ៉ាងស្របតាមព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់បែបយ៉ាង
12. រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ ដ្បិតព្រះអង្គបានធ្វើឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងមានចំណែកក្នុងមរតករបស់ពួកបរិសុទ្ធដែលនៅក្នុងពន្លឺ។
13. ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
14. ហើយនៅក្នុងព្រះរាជបុត្រា យើងមានការប្រោសលោះដែលជាការលើកលែងទោសបាប។
15. ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
16. ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។
17. មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។
18. ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់
19. ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា
20. ហើយឲ្យអ្វីៗទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈព្រះរាជបុត្រានោះ គឺតាមរយៈឈាមរបស់ព្រះរាជបុត្រាដែលបានបង្ហូរនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតសន្ដិភាពជាមួយអ្វីៗទាំងអស់ មិនថានៅស្ថានសួគ៌ ឬនៅផែនដីទេ។
21. ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់