4. គឺព្រះយេស៊ូគ្រិស្ដបានប្រគល់អង្គទ្រង់សម្រាប់បាបរបស់យើង ដើម្បីសង្គ្រោះយើងឲ្យរួចពីលោកិយដ៏អាក្រក់នាបច្ចុប្បន្ន ស្របតាមបំណងរបស់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់យើង
5. សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។
6. ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់រហ័សពីព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រិស្ដដូច្នេះ ហើយទៅឯដំណឹងល្អផ្សេងទៀត
7. ដែលមិនមែនជាដំណឹងល្អមួយទៀតនោះទេ គឺគ្រាន់តែមានមនុស្សមួយចំនួនបានធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
8. ប៉ុន្ដែទោះបីយើងក៏ដោយ ឬទេវតាមកពីស្ថានសួគ៌ក៏ដោយ ឲ្យតែប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។
9. ដូចដែលយើងបានប្រាប់រួចមកហើយ តែឥឡូវនេះ ខ្ញុំសូមប្រាប់ម្តងទៀតថា បើអ្នកណាប្រកាសដំណឹងល្អខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។
10. ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។
11. បងប្អូនអើយ! ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នេះមិនមែនស្របតាមមនុស្សទេ
12. ដ្បិតខ្ញុំមិនបានទទួលដំណឹងល្អពីមនុស្សណាម្នាក់ ហើយគ្មានអ្នកណាម្នាក់បង្រៀនខ្ញុំដែរ ផ្ទុយទៅវិញ គឺតាមរយៈការបើកសំដែងពីព្រះយេស៊ូគ្រិស្ដ។
13. អ្នករាល់គ្នាបានឮអំពីកិរិយារបស់ខ្ញុំ កាលនៅក្នុងសាសនាយូដារួចមកហើយ គឺខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងបំផុត ទាំងបំផ្លាញក្រុមជំនុំទៀតផង។
14. ខ្ញុំបានចម្រើនឡើងខាងឯសាសនាយូដាលើសជាងពួកអ្នកដែលមានអាយុស្រករខ្ញុំជាច្រើននៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយកាន់តែប្ដូរផ្ដាច់ខ្លាំងបំផុតចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
15. ប៉ុន្ដែពេលព្រះជាម្ចាស់ដែលបានញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្តាយ បានត្រាស់ហៅខ្ញុំតាមរយៈព្រះគុណរបស់ព្រះអង្គ និងបានសព្វព្រះហឫទ័យ
16. បើកសំដែងឲ្យខ្ញុំបានឃើញព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អអំពីព្រះរាជបុត្រានោះនៅក្នុងចំណោមសាសន៍ដទៃ ហើយភ្លាមនោះ ខ្ញុំមិនបានប្រឹក្សាជាមួយមនុស្សណាឡើយ
17. ហើយក៏មិនបានឡើងទៅឯពួកអ្នកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺខ្ញុំបានចេញទៅស្រុកអារ៉ាប់ ហើយត្រលប់មកឯក្រុងដាម៉ាស់វិញ។
18. បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីស្គាល់លោកកេផាស ហើយបានស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ
19. ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។