4. ផ្សែងនៃគ្រឿងក្រអូបនោះក៏ហុយចេញពីដៃរបស់ទេវតាឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។
5. ទេវតានោះបានយកពានមក ហើយយកភ្លើងពីកន្លែងថ្វាយតង្វាយមកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។
6. រួចទេវតាទាំងប្រាំពីរដែលមានត្រែប្រាំពីរនោះបានប្រុងប្រៀបផ្លុំត្រែ។
7. ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។
8. ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម
9. រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។
10. ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ
11. ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។
12. ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។