9. ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្ដីបន្ទាល់ដែលពួកគេបានប្រកាន់យក
10. អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្ដិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹកឲ្យឈាមរបស់យើង?»
11. ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។
12. ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម
13. រីឯផ្កាយលើមេឃក៏ធ្លាក់ចុះមកផែនដី ដូចជាផ្លែល្វាខ្ចីៗជ្រុះពីដើមដោយត្រូវខ្យល់ធំបក់ប៉ះ
14. ហើយផ្ទៃមេឃបានបាត់ទៅដូចជាគេមូរអត្ថបទគម្ពីរទុក ហើយគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានរើចេញពីកន្លែងរបស់វាដែរ។
15. នោះពួកស្ដេចនៅផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ និងពួកបាវបម្រើ ព្រមទាំងពួកអ្នកជាទាំងឡាយបានលាក់ខ្លួននៅក្នុងរអាងភ្នំ និងនៅតាមក្រហែងថ្មភ្នំ
16. ទាំងនិយាយទៅភ្នំ និងថ្មថា៖ «ចូរធ្លាក់មកលើយើង ហើយបំបាំងយើងពីព្រះភក្រ្តរបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមចុះ
17. ដ្បិតថ្ងៃដ៏អស្ចារ្យនៃសេចក្ដីក្រោធរបស់ព្រះអង្គ និងរបស់កូនចៀមបានមកដល់ហើយ តើអ្នកណាអាចទ្រាំបាន?»