2. ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។
3. ពេលកូនចៀមបកត្រាទីពីរ នោះខ្ញុំឮសត្វមានជីវិតទីពីរនិយាយថា៖ «ចូរមក!»
4. នោះមានសេះមួយទៀតមក មានសម្បុរក្រហម ហើយអ្នកជិះនៅលើវាបានទទួលអំណាចដកយកសេចក្ដីសុខសាន្ដចេញពីផែនដី និងធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយគាត់បានទទួលដាវមួយយ៉ាងធំ។
5. ពេលកូនចៀមបកត្រាទីបី នោះខ្ញុំឮសត្វមានជីវិតទីបីនិយាយថា៖ «ចូរមក!» ខ្ញុំក៏ឃើញសេះខ្មៅមួយមក ហើយអ្នកជិះនៅលើវាកាន់ជញ្ជីងមួយនៅក្នុងដៃ
6. ហើយខ្ញុំបានឮដូចជាមានសំដៅមួយនៅកណ្ដាលសត្វមានជីវិតទាំងបួននិយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិក៏ថ្លៃមួយឌេណារីដែរ ប៉ុន្ដែកុំធ្វើឲ្យប្រេង និងស្រាទំពាំងបាយជូខូចឡើយ!»។
7. ពេលកូនចៀមបកត្រាទីបួន នោះខ្ញុំបានឮសំឡេងសត្វមានជីវិតទីបួននិយាយថា៖ «ចូរមក!»
8. ខ្ញុំក៏ឃើញសេះមួយសម្បុរស្លេកស្លាំង ហើយអ្នកជិះនៅលើវាឈ្មោះសេចក្ដីស្លាប់ ហើយស្ថាននរកបានមកតាមក្រោយអ្នកនោះ។ សេចក្ដីស្លាប់ និងស្ថាននរកបានទទួលសិទ្ធិអំណាចលើផែនដីមួយភាគបួនដើម្បីសម្លាប់ដោយដាវ ដោយគ្រោះអត់ឃ្លាន ដោយជំងឺអាសន្នរោគ និងដោយសត្វសាហាវនៅលើផែនដី។
9. ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្ដីបន្ទាល់ដែលពួកគេបានប្រកាន់យក
10. អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្ដិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹកឲ្យឈាមរបស់យើង?»
11. ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។
12. ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម
13. រីឯផ្កាយលើមេឃក៏ធ្លាក់ចុះមកផែនដី ដូចជាផ្លែល្វាខ្ចីៗជ្រុះពីដើមដោយត្រូវខ្យល់ធំបក់ប៉ះ