6. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
7. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា
8. យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្ដិចបន្ដួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។
9. មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។
10. ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើងដែលឲ្យស៊ូទ្រាំ នោះយើងនឹងរក្សាអ្នកឲ្យរួចផុតពីគ្រានៃសេចក្ដីវេទនា ដែលបម្រុងនឹងមកលើពិភពលោកទាំងមូលដើម្បីល្បងលពួកអ្នកដែលរស់នៅលើផែនដី។
11. យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។
12. អ្នកណាមានជ័យជម្នះ យើងនឹងតាំងអ្នកនោះឲ្យធ្វើជាសសរទ្រូងនៅក្នុងព្រះវិហារនៃព្រះរបស់យើង ហើយអ្នកនោះនឹងមិនចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងសរសេរព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងនៅលើអ្នកនោះ ជាក្រុងយេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះរបស់យើង ហើយយើងក៏នឹងសរសេរឈ្មោះថ្មីរបស់យើងនៅលើអ្នកនោះដែរ។
13. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
14. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា
15. យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ គឺអ្នកត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ យើងចង់ឲ្យអ្នក បើត្រជាក់គឺត្រជាក់ បើក្ដៅគឺក្ដៅ។
16. ដោយព្រោះតែអ្នកគ្រាន់តែក្ដៅឧណ្ហៗ ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅដូច្នេះ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងហើយ
17. ដ្បិតអ្នកបាននិយាយថា ខ្ញុំជាអ្នកមាន ខ្ញុំស្ដុកស្ដម្ភហើយ ខ្ញុំមិនខ្វះអ្វីទេ ប៉ុន្ដែអ្នកមិនដឹងថា ខ្លួនឯងវេទនា គួរឲ្យអាណិត ក្រ ខ្វាក់ ហើយនៅអាក្រាតឡើយ។