9. ពួកស្ដេចនៅលើផែនដីដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅយ៉ាងស្រើបស្រាលជាមួយក្រុងនោះនឹងទ្រហោយំ ហើយទួញសោក ពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ។
10. ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។
11. រីឯពួកឈ្មួញនៅលើផែនដីក៏ទ្រហោយំ ហើយកាន់ទុក្ខនឹងក្រុងនោះ ព្រោះលែងមាននរណាទិញទំនិញរបស់ពួកគេទៀតហើយ
12. ទំនិញទាំងនោះមាន មាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទុំ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងដ៏មានតម្លៃគ្រប់ប្រភេទដែលធ្វើពីឈើ ពីលង្ហិន ពីដែក និងពីថ្មកែវ
13. ហើយមានសំបកដើមសម្បុរល្វែង គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញ៉ាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅម៉ដ្ដ ស្រូវសាលី គោក្របី ចៀម សេះ រទេះ បាវបម្រើ និងជីវិតមនុស្សផង។
14. ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។
15. ពួកឈ្មួញជួញរបស់ទាំងនេះដែលត្រលប់ជាមានបានដោយសារក្រុងនោះ នឹងឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ទាំងទ្រហោយំ និងកាន់ទុក្ខ
16. ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់
17. ដ្បិតក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្ដិដ៏ច្រើនដល់ម៉្លេះបានវិនាសអស់»។ រីឯអស់ទាំងអ្នកបើកនាវា ព្រមទាំងអ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងពួកអ្នកធ្វើជំនួញតាមផ្លូវទឹកទាំងឡាយបានឈរពីចម្ងាយ
18. ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
19. ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
20. ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
21. ពេលនោះ មានទេវតាដ៏ខ្លាំងពូកែមួយរូបបានលើកថ្មមួយដុំដូចជាថ្មត្បាល់កិនមួយយ៉ាងធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងនិយាយថា៖ «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ នឹងត្រូវបានទម្លាក់យ៉ាងខ្លាំងដូច្នេះដែរ ក៏គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។