4. ខ្ញុំក៏ឮសំឡេងមួយទៀតពីលើមេឃបន្លឺឡើងថា៖ ប្រជារាស្រ្ដរបស់យើងអើយ! ចូរចេញឲ្យផុតពីក្រុងនោះមក ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់ក្រុងនោះ ហើយក៏ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះកាចណាមួយរបស់ក្រុងនោះដែរ
5. ដ្បិតបាបរបស់ក្រុងនោះបានគរជាគំនរឡើងខ្ពស់ដល់មេឃ ហើយព្រះជាម្ចាស់បាននឹកចាំពីអំពើអាក្រក់របស់ក្រុងនោះ។
6. ចូរសងដល់ក្រុងនោះតាមការដែលក្រុងនោះបានធ្វើចុះ ហើយឲ្យដល់ក្រុងនោះវិញមួយជាពីរតាមអំពើរបស់ក្រុងនោះ។ ចូរចាក់ឲ្យក្រុងនោះវិញមួយជាពីរទៅក្នុងពែងដែលក្រុងនោះបានចាក់ឲ្យចុះ។
7. ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅដោយស្រើបស្រាលជាយ៉ាងណា ចូរប្រគល់ការឈឺចាប់ និងទុក្ខព្រួយដល់ក្រុងនោះជាយ៉ាងនោះចុះ ដ្បិតក្រុងនោះគិតនៅក្នុងចិត្ដថា៖ «ខ្ញុំអង្គុយជាមហាក្សត្រិយានី ខ្ញុំមិនមែនជាស្រ្ដីមេម៉ាយទេ ហើយខ្ញុំក៏មិនជួបទុក្ខព្រួយឡើយ»។
8. ហេតុនេះបានជាគ្រោះកាចរបស់ក្រុងនោះនឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ ទុក្ខព្រួយ និងគ្រោះអត់ឃ្លាន ហើយក្រុងនោះនឹងត្រូវដុតដោយភ្លើង ដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គខ្លាំងពូកែ។
9. ពួកស្ដេចនៅលើផែនដីដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅយ៉ាងស្រើបស្រាលជាមួយក្រុងនោះនឹងទ្រហោយំ ហើយទួញសោក ពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ។
10. ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។
11. រីឯពួកឈ្មួញនៅលើផែនដីក៏ទ្រហោយំ ហើយកាន់ទុក្ខនឹងក្រុងនោះ ព្រោះលែងមាននរណាទិញទំនិញរបស់ពួកគេទៀតហើយ
12. ទំនិញទាំងនោះមាន មាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទុំ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងដ៏មានតម្លៃគ្រប់ប្រភេទដែលធ្វើពីឈើ ពីលង្ហិន ពីដែក និងពីថ្មកែវ
13. ហើយមានសំបកដើមសម្បុរល្វែង គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញ៉ាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅម៉ដ្ដ ស្រូវសាលី គោក្របី ចៀម សេះ រទេះ បាវបម្រើ និងជីវិតមនុស្សផង។
14. ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។
15. ពួកឈ្មួញជួញរបស់ទាំងនេះដែលត្រលប់ជាមានបានដោយសារក្រុងនោះ នឹងឈរពីចម្ងាយដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ទាំងទ្រហោយំ និងកាន់ទុក្ខ
16. ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់