4. ស្រ្ដីស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមទុំ ហើយតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយនៅក្នុងដៃដែលពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង
5. ហើយនៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះ ជាសេចក្ដីអាថ៌កំបាំងថា «ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ជាម្ដាយរបស់ពួកស្រ្ដីពេស្យា និងអំពើគួរស្អប់ខ្ពើមនៅផែនដី»។
6. ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។
7. ទេវតានោះនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកអំពីអាថ៌កំបាំងរបស់ស្រ្តីនោះ និងសត្វសាហាវមានក្បាលប្រាំពីរ និងស្នែងដប់ដែលនាងជិះនោះ។
8. សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
9. នេះហើយជាគំនិតដែលមានប្រាជ្ញា គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្រ្ដីនោះអង្គុយលើ និងជាស្ដេចប្រាំពីរអង្គដែរ
10. ស្ដេចប្រាំអង្គត្រូវបានផ្ដួលរំលំហើយ មួយអង្គនៅសព្វថ្ងៃនេះ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ ប៉ុន្ដែពេលស្ដេចនោះមកដល់ ស្ដេចនោះត្រូវនៅមួយភ្លែតប៉ុណ្ណោះ
11. រីឯសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរអង្គនោះដែរ រួចវាក៏វិនាសបាត់ទៅ។
12. ស្នែងដប់ដែលអ្នកឃើញនោះ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានរាជ្យនៅឡើយ ប៉ុន្ដែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចរយៈពេលមួយម៉ោងជាមួយសត្វសាហាវនោះ
13. ស្ដេចទាំងនោះមានគំនិតតែមួយ ហើយពួកគេប្រគល់អំណាច និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វសាហាវនោះ