7. វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស
8. រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
9. អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ។
10. អ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះនឹងជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់ដោយដាវ អ្នកនោះនឹងស្លាប់ដោយដាវ។ នេះហើយគឺជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
11. ខ្ញុំបានឃើញសត្វសាហាវមួយទៀតចេញពីដីមក វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជានាគ។
12. វាប្រើសិទ្ធិអំណាចទាំងអស់របស់សត្វសាហាវទីមួយនៅពីមុខសត្វសាហាវទីមួយ ហើយវាធ្វើឲ្យផែនដី និងពួកអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយដែលរបួសជិតស្លាប់របស់វាបានជាសះឡើងវិញនោះ។
13. វាធ្វើទីសំគាល់ធំៗ សូម្បីតែធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដីនៅមុខមនុស្សផង
14. ហើយវាបោកបញ្ឆោតពួកអ្នកដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវាបានទទួលអំណាចនឹងធ្វើនៅពីមុខសត្វសាហាវនោះ ទាំងប្រាប់ពួកអ្នកដែលរស់នៅលើផែនដីឲ្យធ្វើរូបចម្លាក់មួយសម្រាប់សត្វសាហាវដែលមានរបួសដោយសារដាវ ហើយនៅមានជីវិតនោះ។
15. វាក៏បានទទួលអំណាចនឹងផ្ដល់វិញ្ញាណឲ្យរូបចម្លាក់របស់សត្វសាហាវនោះ ដើម្បីឲ្យរូបចម្លាក់របស់សត្វសាហាវនោះនិយាយបាន និងធ្វើឲ្យមនុស្សទាំងឡាយដែលមិនថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះស្លាប់ផង។
16. វាធ្វើឲ្យមនុស្សទាំងអស់ ទាំងតូច ទាំងធំ ទាំងអ្នកក្រ ទាំងអ្នកមាន ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើឲ្យទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
17. ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់អ្វីបានឡើយ ប្រសិនបើគេគ្មានសញ្ញាសំគាល់នោះទេ គឺជាឈ្មោះរបស់សត្វសាហាវនោះ ឬលេខឈ្មោះរបស់វា។
18. នេះហើយគឺជាប្រាជ្ញា ហើយអ្នកណាដែលមានការយល់ដឹង ចូរគិតលេខរបស់សត្វសាហាវនោះចុះ ដ្បិតលេខនោះគឺជាលេខរបស់មនុស្ស លេខរបស់វាគឺ ប្រាំមួយរយហុកសិបប្រាំមួយ។