1. ចៅហ្វាយរាល់គ្នាអើយ! ចូរផ្ដល់យុត្ដិធម៌ និងភាពត្រឹមត្រូវដល់បាវបម្រើរបស់អ្នកចុះ ដោយដឹងថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។
2. ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ
3. ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង
4. និងសូមឲ្យខ្ញុំបង្ហាញអាថ៌កំបាំងនោះ តាមដែលខ្ញុំត្រូវនិយាយ។
5. ចូរប្រព្រឹត្ដចំពោះអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើប្រាស់ពេលវេលាផង។
6. ចូរឲ្យអ្នករាល់គ្នាមានពាក្យសំដីល្អៗជានិច្ច ទាំងមានជាតិប្រៃផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងមនុស្សម្នាក់ៗយ៉ាងណា។
7. លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់ ជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបម្រើរួមការងារក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់អំពីខ្ញុំ
8. ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីយើង និងដើម្បីកម្សាន្ដចិត្ដអ្នករាល់គ្នា។
9. ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូនេស៊ីម ជាបងប្អូនដ៏ជាទីស្រឡាញ់ និងជាមនុស្សស្មោះត្រង់ដែលជាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែរ អ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលនៅទីនេះ។
10. លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។