13. ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
14. ហើយនៅក្នុងព្រះរាជបុត្រា យើងមានការប្រោសលោះដែលជាការលើកលែងទោសបាប។
15. ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
16. ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។
17. មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។
18. ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់
19. ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា
20. ហើយឲ្យអ្វីៗទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈព្រះរាជបុត្រានោះ គឺតាមរយៈឈាមរបស់ព្រះរាជបុត្រាដែលបានបង្ហូរនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតសន្ដិភាពជាមួយអ្វីៗទាំងអស់ មិនថានៅស្ថានសួគ៌ ឬនៅផែនដីទេ។
21. ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់
22. ប៉ុន្ដែឥឡូវនេះព្រះអង្គបានឲ្យអ្នករាល់គ្នាផ្សះផ្សានឹងព្រះអង្គតាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាមរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ គ្មានកំហុស ហើយឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់
23. បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
24. ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ