1. លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ
2. គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍
3. រីឯលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាជនជាតិក្រេកក្ដី ក៏មិនត្រូវបានបង្ខំឲ្យកាត់ស្បែកដែរ
4. ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ
5. ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិច ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អបាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
6. រីឯពួកអ្នកដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ ហើយពួកអ្នកដែលទំនងជាអ្នកមុខអ្នកការក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ
7. ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ
8. ដ្បិតព្រះអង្គដែលធ្វើការតាមរយៈលោកពេត្រុសនៅក្នុងតួនាទីជាសាវកសម្រាប់ពួកកាត់ស្បែក ក៏បានធ្វើការតាមរយៈខ្ញុំសម្រាប់ពួកសាសន៍ដទៃដែរ
9. ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
10. ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
11. ប៉ុន្ដែកាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស
12. ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
13. រីឯជនជាតិយូដាផ្សេងទៀតក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាសក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
14. ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?